Mark 15

ព្រះ​យេស៊ូ​​នៅ​ចំពោះមុខ​លោក​ពីឡាត់​

1លុះ​ព្រលឹម​ឡើងភ្លាម​កាល​ពួក​សម្ដេចសង្ឃ​ពួក​ចាស់ទុំ​ពួក​គ្រូវិន័យបាន​ពិគ្រោះ​គ្នាជាមួយ​នឹង​ក្រុមប្រឹក្សាកំពូលទាំងមូល​រួច​ហើយ​ក៏​ចង​ព្រះ​យេស៊ូនាំទៅប្រគល់​ឲ្យ​លោក​ពីឡាត់ 2លោកពីឡាត់សួរព្រះអង្គថា៖ ​«តើ​អ្នកជាស្ដេច​របស់​ជនជាតិ​យូដា?» ​ព្រះអង្គឆ្លើយថា៖ ​«លោក​និយាយ​ត្រូវ​ហើយ!» 3ពួកសម្ដេចសង្ឃក៏ចោទប្រកាន់ព្រះអង្គ​ពី​រឿង​ជាច្រើន 4លោកពីឡាត់សួរព្រះអង្គម្ដងទៀតថា៖ ​«តើ​អ្នក​គ្មានអ្វី​ត្រូវ​ឆ្លើយទេ? ​មើល​គេ​ចោទប្រកាន់អ្នកច្រើនណាស់» 5ប៉ុន្ដែព្រះ​យេស៊ូមិន​បាន​ឆ្លើយអ្វីទេធ្វើឲ្យ​លោក​ពីឡាត់ងឿងឆ្ងល់ 6រៀងរាល់ថ្ងៃបុណ្យ​គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោសម្នាក់​តាម​ដែល​ពួកគេ​សុំ 7មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយ​នឹង​ក្រុមបះបោរ​គាត់​ជា​អ្នក​សម្លាប់មនុស្សក្នុងការបះបោរ​នោះ 8ដូច្នេះបណ្ដាជនក៏ចាប់ផ្ដើមទៅសុំ​លោក​ពីឡាត់​ឲ្យ​ដោះ​លែង​អ្នក​ទោស​ដូចដែល​គាត់​ធ្លាប់ធ្វើ​សម្រាប់​ពួកគេ 9ប៉ុន្ដែលោក​ពីឡាត់ឆ្លើយ​ទៅ​គេថា៖ ​«តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែងស្ដេច​របស់​ជនជាតិ​យូដា​ដល់​អ្នករាល់គ្នា​វិញ​ទេ 10ព្រោះគាត់​ដឹង​ថា​ពួក​សម្ដេចសង្ឃប្រគល់ព្រះអង្គ​ឲ្យ​គាត់​ដោយព្រោះ​សេចក្ដី​ឈ្នានីស 11ប៉ុន្ដែពួក​សម្ដេចសង្ឃ​បាន​ញុះញង់បណ្ដាជនឲ្យ​សុំ​លោក​ដោះលែងបារ៉ាបាស​ឲ្យ​ពួកគេវិញ 12លោកពីឡាត់ឆ្លើយ​នឹង​ពួកគេម្ដងទៀតថា៖ ​«តើ​អ្នករាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើយ៉ាងដូចម្ដេច​ជាមួយ​នឹង​អ្នកដែល​អ្នករាល់គ្នា​ហៅថាស្ដេច​របស់​ជនជាតិ​យូដា​នេះ?» 13ពួកគេស្រែក​ឡើង​ម្ដងទៀតថា៖ ​«ឆ្កាងវាទៅ 14ប៉ុន្ដែលោក​ពីឡាត់​បាន​និយាយ​ទៅ​ពួកគេថា៖ ​«ហេតុអ្វី? ​តើ​គាត់​បាន​ធ្វើ​អំពើ​អ្វីអាក្រក់​ឬ?» ​ប៉ុន្ដែពួកគេស្រែកកាន់តែ​ខ្លាំង​ឡើងៗ​«ឆ្កាងវាទៅ 15ដូច្នេះលោក​ពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជនក៏ដោះលែងបារ៉ាបាស​ឲ្យ​ពួកគេ​ឯ​ព្រះ​យេស៊ូ​វិញ​លោក​ឲ្យ​គេ​វាយនឹងខ្សែតីហើយប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង

ពួក​ទា​ហាន​ប្រមាថ​ព្រះ​យេស៊ូ​​

16ពួក​ទាហានក៏យកព្រះអង្គ​ចូល​ទៅក្នុងទីធ្លាបន្ទាយនិង​បាន​ហៅ​ពួក​ទាហានទាំងអស់​មក​ជួបជុំ​គ្នា 17ពួកគេបាន​បំពាក់សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គនិង​យក​មកុដបន្លា​ដែល​គេ​ក្រង​មក​បំពាក់​ឲ្យ​ព្រះអង្គ 18រួចពួកគេ​ចាប់ផ្ដើមគំនាប់ព្រះអង្គ​ដោយ​ចំអក​ថា៖ ​«សូម​ថ្វាយបង្គំស្ដេច​របស់​ជនជាតិ​យូដា 19ហើយពួកគេ​ក៏វាយ​ព្រះ​សិរព្រះអង្គ​នឹង​ដំបងហើយស្ដោះទឹកមាត់ដាក់ព្រះអង្គរួចលុតជង្គង់ថ្វាយបង្គំព្រះអង្គ​ទៀត។ 20កាលពួកគេ​ចំអក​ឲ្យ​ព្រះអង្គរួចហើយក៏ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គនិង​បាន​បំពាក់អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​រួចក៏នាំព្រះអង្គចេញដើម្បី​យកទៅ​ឆ្កាង

ការ​ឆ្កាង​ព្រះ​យេស៊ូ​​

21មាន​បុរសម្នាក់​ឈ្មោះ​ស៊ីម៉ូនអ្នកក្រុងគីរេនជាឪពុក​របស់​អ័លេក្សានត្រុសនិងរូភូស​ដែល​បាន​មកពីចម្ការតាមផ្លូវនោះ​ពួកគេ​បង្ខំ​គាត់​ឲ្យលីឈើឆ្កាង​របស់​ព្រះអង្គ 22ពួកគេនាំព្រះអង្គទៅកន្លែង​មួយ​ឈ្មោះគាល់កូថា​(​ដែលប្រែថាតំបន់លលាដ៍ក្បាល​) 23ពួកគេឲ្យព្រះអង្គ​ផឹក​ស្រាទំពាំងបាយជូរលាយ​ជាមួយ​ថ្នាំ​ម្យ៉ាងប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹកទេ 24ពួកគេក៏ឆ្កាងព្រះអង្គហើយ​យក​អាវ​មក​ចាប់ឆ្នោតចែកគ្នាដើម្បី​ឲ្យ​ដឹង​ថា​អ្នកណាត្រូវបាន​អាវ​នោះ 25ពួកគេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក 26ហើយមានចំណារសរសេរកាត់ទោសព្រះអង្គ​ថា​«ស្ដេច​របស់​ជនជាតិ​យូដា» 27ពួកគេបាន​ឆ្កាងចោរពីរនាក់ជាមួយព្រះអង្គម្នាក់នៅ​ខាង​ស្ដាំនិងម្នាក់ទៀតនៅ​ខាង​ឆ្វេង 28[នេះ​ស្រប​តាម​បទគម្ពីរ​ចែង​ថា៖ ​«ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់» ​] 29ពួកអ្នក​ដែល​ដើរកាត់​ទីនោះ​បាន​ប្រមាថព្រះអង្គ​ហើយ​គ្រវីក្បាល​ទាំង​និយាយថា៖ ​«អ្នកបំផ្លាញ​ព្រះ​វិហារហើយសង់​ឡើង​វិញតែបីថ្ងៃអើយ! 30ចូរសង្គ្រោះខ្លួនឯង​ហើយ​ចុះពី​លើ​ឈើឆ្កាងមក» 31ពួកសម្ដេចសង្ឃជាមួយ​ពួក​គ្រូវិន័យក៏ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នាបែបដូច្នោះដែរថា៖ ​«វា​សង្គ្រោះគេបាន​ប៉ុន្ដែ​សង្គ្រោះខ្លួនឯងមិនបានទេ 32ចូរឲ្យ​ព្រះ​គ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមកដើម្បី​ឲ្យ​យើង​ឃើញនិងជឿផង» ​​ពួក​អ្នក​ដែល​ជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គ​ដែរ។

ការ​សុគត​របស់​ព្រះ​យេស៊ូ​​

33លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ភាពងងឹតបាន​គ្រប​ដណ្ដប់​លើតំបន់​នោះ​ទាំងមូលរហូតដល់ម៉ោង​បី​រសៀល 34នៅម៉ោង​បី​រសៀល​នោះ​ព្រះ​យេស៊ូ​បាន​ស្រែក​ដោយ​សំឡេងខ្លាំងៗថា៖ ​«អេឡយឡាម៉ាសាបាច់ថានី» ​ដែលប្រែថា៖ ​«ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ! ​ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ! ​ហេតុអ្វី​ព្រះអង្គ​បោះបង់ខ្ញុំដូច្នេះ 35អ្នកខ្លះដែលឈរនៅក្បែរ​នោះ​បាន​ស្ដាប់ក៏និយាយថា៖ ​«មើល៍​គាត់​ស្រែក​រក​លោក​អេលីយ៉ាហើយ» 36មានបុរស​ម្នាក់​បាន​រត់ទៅ​យក​សារាយស្ងួតជ្រលក់ទឹកខ្មេះដាក់​នឹង​ដើមត្រែង​រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គផឹក​ដោយ​និយាយថា៖ ​«ចូរ​យើង​កុំធ្វើអី​គាត់ចាំមើល​ថា​តើ​លោក​អេលីយ៉ាមកដោះគាត់ចុះដែរ​ឬ​អត់» 37ព្រះយេស៊ូក៏ស្រែកយ៉ាងខ្លាំងហើយ​បាន​ផុតដង្ហើមទៅ 38ពេលនោះវាំងនននៅក្នុង​ព្រះ​វិហារក៏រហែកជាពីរចាប់ពីលើរហូតដល់ក្រោម 39កាលនាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ជិតទល់មុខនឹងព្រះអង្គ​បាន​ឃើញ​ព្រះអង្គ​បាន​ផុតដង្ហើមយ៉ាងដូច្នេះ​ក៏​និយាយថា៖ ​«បុរសនេះជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន» 40មានស្ដ្រីខ្លះ​បាន​សម្លឹងមើលពីចម្ងាយក្នុងចំណោមនោះ​មាន​ទាំង​នាង​ម៉ារាជាអ្នកក្រុងម៉ាក់ដាឡានិង​នាង​ម៉ារាជាម្ដាយ​របស់​យ៉ាកុបតូចនិងយ៉ូសេព្រមទាំង​នាង​សាឡូមេដែរ 41ស្ដ្រីទាំងនោះ​ជាអ្នកតាមបម្រើព្រះអង្គកាល​ព្រះអង្គ​នៅក្នុង​ស្រុក​កាលីឡេហើយ​ស្ដ្រី​ច្រើននាក់ផ្សេងទៀត​ជា​អ្នក​បាន​ឡើងមក​ក្រុង​យេរូសាឡិមជាមួយព្រះអង្គ 42ថ្ងៃនោះជា​ថ្ងៃ​រៀបចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​គឺមុនថ្ងៃ​សប្ប័ទ​មួយ​ថ្ងៃ​ហើយនៅល្ងាច​នោះ

ការ​បញ្ចុះ​សព​ព្រះ​យេស៊ូ​​

43លោក​យ៉ូសែបនៅ​ក្រុង​អើរីម៉ាថេជាសមាជិកឆ្នើម​ក្នុង​ក្រុមប្រឹក្សាកំពូល​និង​ជា​អ្នក​ដែលរង់ចាំនគរព្រះជាម្ចាស់​បាន​ទៅជួប​លោក​ពីឡាត់​យ៉ាង​ក្លាហានហើយសុំយកសព​ព្រះ​យេស៊ូ 44ពេលដឹង​ថា​ព្រះអង្គ​សោយទិវង្គត​លោក​ពីឡាត់ឆ្ងល់ណាស់ក៏ហៅនាយ​ទាហាន​ម្នាក់មកសួរ​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយទិវង្គតមែនឬមិនមែន 45ពេលដឹង​ដំណឹង​ពីនាយទាហាននោះហើយគាត់ក៏ប្រគល់សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប 46លោកយ៉ូសែប​ក៏​ទិញ​សំពត់​ទេសឯកហើយដាក់​សព​ចុះរុំ​នឹង​សំពត់​ទេសឯកនោះបញ្ចុះក្នុងផ្នូរដែលដាប់ទៅក្នុងថ្មហើយគាត់បានប្រមៀលថ្ម​បិទ​ច្រកចូល​ក្នុង​ផ្នូរ 47នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡានិង​នាង​ម៉ារាជាម្ដាយ​របស់​លោកយ៉ូសេ​បាន​ឃើញកន្លែងដែល​គេ​បញ្ចុះ​សព​ព្រះអង្គ
Copyright information for KhmKCB